
កាលបរិច្ឆេទ: ០៩ តុលា ២០២៦ / សុខភាព / Author : ATH Sokren
នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦ លោកសាកេត សុភសីលា តំណាងឱ្យលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកគ្រឹះស្ថានផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេលបានផ្តល់អំណោយផលិតផលឱសថប៉េប៉េអឹមចំនួនប្រាំមួយមុខសរុប ១៩៧៨ ដប/ប្រអប់ រួមមានៈ ថ្នាំជំនួយគ្រាប់ឈាម (Fervital) ថ្នាំផ្តាសាយយប់/ថ្ងៃ (Rhinex jour/nuit), សេរ៉ូបញ្ចុះកម្តៅ (Panol 125g) , ថ្នាំទំលាក់សត្វល្អិត (Amibazol), ថ្នាំព្យាបាលជំងឺរាក (Bibactin Fort) និងថ្នាំទំលាក់សត្វល្អិត (Mebentox) ជូនដល់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ិន សុន្ទរា សាស្ត្រាចារ្យ អនុប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលកងខេមរភូមិន្ទ និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចក្រឡាហោម ស ខេង ប្រចាំស្រុកបាណន់ខេត្តបានដំបង ដើម្បីឯកឧត្តមយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ខ្វះខាតថ្នាំសង្កូវប្រើប្រាស់ក្នុងគ្រាដ៏លំបាកនេះ។
ឯកឧត្តមបានថ្លែងអំណរគុណដល់មូលនិធិគីណាល់ ពិសេសលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ដែលតែងតែចូលរួមផ្តល់ឱសថដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមនាពេលកន្លងមក ដែលនេះ ជាទឹកចិត្តដ៏ថ្លៃថ្លាក្នុងការចូលរួមផ្នែកសង្គមដើម្បីជួយដល់ពលរដ្ឋកម្ពុជាគ្រប់និន្នាការដោយមិនប្រកាន់ពណ៌សម្បុរ៕